បារិអេឡិចត្រូនិចកំពុងតែក្លាយជាសំភារៈដ៏ពេញនិយមនៅក្នុងប្រទេសកម្ពុជានៅពេលបច្ចុប្បន្ន ជាពិសេសក្នុងចំណោមយុវជនតែម្តង ហើយបញ្ហានេះកំពុងតែបង្កឱ្យមានការព្រួយបារម្ភជាខ្លាំង។
យោងតាមការបង្ហោះសាររបស់គណនីហ្វេសបុកមួយដែលមានឈ្មោះថា គ្រី សុវណ្ណធីណៃ ដែលត្រូវជាគ្រូបង្រៀនម្នាក់បានបង្ហោះសារថា៖ «ម្សិលមិញខ្ញុំភ្ញាក់ផ្អើលខ្លាំងណាស់ ពេលដែលកូនសិស្សម្នាក់ អាយុ១១ឆ្នាំ
បានយក របស់នេះ មកជក់ក្នុងបរិវេណផ្ទះរបស់ខ្ញុំ ខ្ញុំក៏ហៅគាត់មកសួរនាំ គាត់ប្រាប់ថា វាមិនប៉ះពាល់ទេ គាត់ជក់វាប្រហែលប្រាំខែហើយ អស់ទឹក អាចទៅទិញបាន។
ខ្ញុំក៏ដករបស់នេះទុកដើម្បីជួបជាមួយម៉ាក់ប៉ារបស់គាត់។ គាត់ទាំងពីរ តក់ស្លុតខ្លាំងណាស់ គាត់ថារាល់ថ្ងៃក្រោកម៉ោង២ព្រឹក ដើម្បីទៅលក់នៅភ្នំពេញ មិនបានតាមដានកូនទេ។
ថ្ងៃនេះខ្ញុំកាន់តែភ្ញាក់ផ្អើលទៀត ព្រោះ សិស្សម្នាក់បានប្រាប់ថា សិស្សប្រុសសឹងទាំងអស់ នៅថ្នាក់ទី៤<ខ> គឺសុទ្ធតែជក់របស់នេះ។ សូមម៉ាក់ប៉ាគ្រប់គ្នា តាមដានកូនផង»។