យោងតាមលិខិតមួយដែលត្រូវបានគេបង្ហោះផ្សាយនៅពាសពេញបណ្តាញសង្គមបានឱ្យដឹងថា សមត្ថកិច្ចខាងចរាចរណ៍បានសម្រេចក្នុងការបន្ធូបន្ថយការរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍
ដោយក្នុងនោះមានករណីមួយចំនួន លិខិតនោះបានបញ្ជាក់ថា សមត្ថកិច្ចនឹងត្រឹមតែធ្វើការអប់រំតែប៉ុណ្ណោះ ដោយមិនធ្វើការផាកពិន័យនោះទេ ដែលក្នុងនោះមានដូចជាករណីបើកបរមិនគោរពភ្លើងសញ្ញា ករណីវ៉ាជែង ករណីមិនពាក់ខ្សែក្រវ៉ាត់ជាដើម។
ដោយឡែកករណីដែលសមត្ថកិច្ចត្រូវផាកពិន័យនោះគឺការបើកបរលើសល្បឿនកំណត់ ការបើកបរនៅពេលស្រវឹង ករណីគ្មានបណ្ណបើកបរ និងករណីមិនមានស្លាកលេខសម្គាល់យានយន្តតែប៉ុណ្ណោះ។
យ៉ាងណាក៏ដោយ លិខិតនេះបានទទួលការសាទរជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ហើយក៏មានមនុស្សជាច្រើនបង្ហាញអារម្មណ៍សប្បាយចិត្តអំពីការកែសម្រួលនេះផងដែរ។
ជាក់ស្តែងលោក ផែង វណ្ណៈ ក៏បានបង្ហោះខ្លឹមសារផងដែរថា៖ «ខ្ញុំដេកចាំដំណឹងនេះ ១០០០ ឆ្នាំហើយ សូមអរគុណថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិដែលបានយល់អំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋ»
ជាងនេះទៅទៀត លោកក៏បានបង្ហោះខ្លឹមសារបន្ថែមថា៖ «លោកឧត្ដមសេនីយ៍ឯក ហេង ចាន់ធារី ប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និង សណ្ដាប់ធ្នាប់ អគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជាក់ប្រាប់ខ្ញុំនៅរសៀលថ្ងៃទី ២០ ខែ មិថុនា ឆ្នាំ ២០២២ នេះថា
ចំពោះសារសម្លេងរបស់ នាយនគរបាលចរាចរណ៍ នាយកដ្ឋាន និង ឯកសារ ដែលបងប្អូនចែកចាយនៅលេីបណ្ដាញសង្គមហ្វេសប៊ុក ជាគោលការណ៍ថ្មី ដែល ឯកឧត្ដមនាយឧត្ដមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកចរាចរណ៍ ទេីបណែនាំអោយមន្ត្រីនគរបាលចរាចរណ៍ ទូទាំង២៥ រាជធានី-ខេត្តយកទៅអនុវត្តន៍ ក្នុងស្មារតីប្រជុំកាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ ២០២២ »។