កាលពីរសៀលថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២១នេះ មានបុរសស្មោះស្នេហ៍ម្នាក់បានសម្រក់ទឹកភ្នែកនៅចំពោះមុខឪពុកម្តាយក្មេក និងអ្នកសារព័ត៌មាន ខណៈពេលរៀបរាប់ពីរឿងរ៉ាវភរិយារត់ចោលខ្លួន
និងកូនតូច ទាំងខ្លួនមិនមានកំហុសអ្វីសោះ។ បុរសរូបនេះមានឈ្មោះ ហៃ បញ្ញា អាយុ ២៤ ឆ្នាំ រស់នៅភូមិច្រកល្ហែ ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
បុរសស្មោះស្នេហ៍ខាងលើ បានយំឱបកូនប្រុសអាយុ ៤ឆ្នាំ និងបានរៀបរាប់ថា ប្រពន្ធខ្លួនបានលួចមានទំនាក់ទំនងស្នេហា ជាមួយបុរសម្នាក់ ដែលគេមានប្រពន្ធរួចទៅហើយ
នៅភូមិព្រៃគគីរ ឃុំទទុង ស្រុកដងទង់ខេត្តកំពត។ បុរសកម្សត់ដដែលបានបន្តទៀតថា ខ្លួនបានដើរម៉ៅការធ្វើសំណង់ រីឯប្រពន្ធធ្វើការជាចុងភៅឱ្យក្រុមហ៊ុនឯកជនមួយ នៅក្នុងរោងចក្រស៊ីម៉ង់ត៍ភ្នំទទុង ទូកមាស។
បុរសរូបនេះបន្តទាំងទឹកភ្នែកថា ខ្លួនរវល់តែដើរម៉ៅការធ្វើសំណង់ យកលុយផ្គត់ផ្គង់ក្នុងជីវភាពគ្រួសារ ព្រលឹមចេញព្រលប់ចូលផ្ទះ។ ស្រាប់តែនៅវេលាម៉ោង ៥ល្ងាចថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២១
ប្រពន្ធឈ្មោះ សាំង ស្រីដួង បាននិយាយប្រាប់ប្ដីថា «ឯងដឹកខ្ញុំទៅដេកផ្ទះជាមួយប្រពន្ធមេបន្តិច ព្រោះមេមិននៅ នៅតែប្រពន្ធគាត់»។ដោយប្ដីមានការសង្ស័យ ក៏ដឹកប្រពន្ធទៅដេកនៅផ្ទះវិញ។
លុះព្រឹកថ្ងៃទី ២៣ ខែសីហា បុរសជាប្តីបានចេញទៅធ្វើការបាត់ លុះពេលល្ងាចថ្ងៃដដែល ក្រោយចេញពីធ្វើការត្រឡប់មកផ្ទះវិញ ក៏បាត់ប្រពន្ធមិនឃើញមកផ្ទះ ខ្លួនក៏ជិះម៉ូតូទៅដល់កន្លែងប្រពន្ធធ្វើការជាចុងភៅ ទើបគេប្រាប់ថា ប្រពន្ធឯងរត់ទៅណាបាត់ហើយ។
ទោះជាមានរឿងដ៏អាស្រូវនេះក៏ដោយ កូនប្រុសបានក្រោកយំរកម៉ែទាំងយប់ ធ្វើឲ្យម្តាយក្មេក និងឪពុកក្មេកបង្ហូទឹកភ្នែកអាណិតដល់ចៅប្រុសដែល ម្តាយបានរត់ចោលបាត់។ បុរសជាប្តីបាននិយាយថា បើប្រពន្ធត្រឡប់មកវិញ ក៏ខ្លួននៅតែយកធ្វើជាប្រពន្ធវិញដែរគ្រាន់ថែមើលកូន។
ប៉ុន្តែនៅល្ងាចថ្ងៃទី ២៤ ខែសីហា ម្តាយឪពុកស្រ្តីឈ្មោះ សាំង ស្រីដួង ក៏បានអំពាវនាវដល់អាជ្ញាធរស្រុកស្រែអំបិល ខេត្តកោះកុង បើឃើញមានភិន ភាគកូនស្រីដូចមានរូបថតដែលបានចុះផ្សាយនេះ
សូមជួយឃាត់ខ្លួនផង ពាក់ព័ន្ធ និងយកគ្រឿង អលង្កការ មួយចំនួនធំចេញពីផ្ទះ អាចនឹងចាញ់ បោកប្រុសល្បួងទៅក៏ថាបាន ព្រោះមនុស្សដែលគេសង្ស័យទៅជាមួយកូនស្រីខ្លួន
មានប្រពន្ធបីនាក់រួចទៅហើយ។ យ៉ាងណានេះជាការរៀបរាប់ពី ភាគីតែម្ខាងប្ដី ចំណែកនាងជាភរិយាមិនមានអ្នកណាអាចទាក់ទងបានទេនៅពេលនេះ៕